គណៈប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច យាង និងអញ្ជើញទស្សនកិច្ច នៅប្រទេសចិន
ដោយ SKP.IT ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦
គណៈប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាង និវត្តន៍មកកាន់ មាតុប្រទេសវិញហើយ នៅវេលាម៉ោង១១ យប់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីបានយាង និងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនោះ  ឯកឧត្តម សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិ បានឱ្យ ដឹងថា សម្តេចព្រះប្រធាន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ប្រទេសចិន នៅក្នុងឪកាសនោះក៏មានការយាង និងអញ្ជើញឱ្យទៅទស្សនកិច្ចនៅក្នុង ទីក្រុងចំនួនបីសំខាន់ៗក្នុងនោះមាន ទីក្រុងសៀងហៃ,ប៉េកាំង ជាកន្លែងមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្មខ្ពស់ និងទីក្រុងគួយ យ៉ាង ដែលជាមណ្ឌលទេសចរណ៍ ដ៏ប្រឌិតនៃប្រទេសចិនផងដែរ។
ក្នុងពេលបំពេញទស្សនកិច្ច សម្តេចព្រះប្រធាន ក៏បានជួបនិងឥស្សរជនមួយចំនួនមានដូចជា ឯកឧត្តម  វ៉ាង ចារូ អនុប្រធានគណកម្មាធិការជាតិ ស្តីពីសន្និសិទ ពិគ្រោះយោបល់នយោបាយ របស់ប្រជាជនចិន។ ឯកឧត្តម សុង តាវ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុនិសចិន និងលោកអភិបាលខេត្ត ក្វាងចូវ។
លទ្ធផលនៃជំនួបនោះគឺ ផ្តោតជាសំខាន់ទៅលើការរិតចំណងមិត្តភាព សហប្រតិបត្តិការ ឱ្យកាន់តែជិតស្និត រវាង បក្សកុម្មុនិសចិន និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានកសាងទំនាក់ ទំនងគ្នាជាយូរមកហើយ ដោយសម្តេចឳ សម្តេចតា ជាមួយមេដឹកនាំចិន។
ប្រទេសចិនបានចាត់ទុកសម្តេចឳថា ជាកំពូលមេដឹកនាំមួយរូប ដែរប្រកបដោយជោគជ័យ និងដ៏គួរអោយគោរព ហើយបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ការចូលរួមរបស់សម្តេចក្រុមព្រះ និងគណប្រតិភូនៅពេលនេះគឺបង្ហាញ ពីចំណងមិត្តភាពរវាងគណបក្សទាំងពីរ។ ប្រទេសនៅតែគាំទ្រអំពីគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងដែរមានសម្តេចក្រុមព្រះ ជាព្រះប្រធាន។