សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងសំណេះសំណាល ជាមួយសមាជិក-សមាជិកា ខេត្តបាត់ដំបង
ដោយ SKP.IT ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦
នៅទីស្នាកការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិក សមាជិការ ក្រោមព្រះអធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស និងអ្នកម្នាង អមព្រះដំណើរដោយថ្នាក់ដឹកនាំជាន់ ខ្ពស់មួយចំនួនទៀត វត្តមានសមាជិកអញ្ជើញចូលរួមប្រមាណ ជាជាង១៥០០នាក់ កម្មវិធីនេះ បានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច បានមានបន្ទូលថា បើបេក្ខជន គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ ខាងមុខ បានជាប់ជាមេឃុំ ឬចៅសង្កាត់ ព្រះអង្គនឹងទិញម៉ូតូថ្មីមួយគ្រឿងជូនភ្លាមទុកជាការលើកទឹកចិត្ត។
ជាងនេះសម្ដេចក្រុមព្រះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងទៅធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨ខាងមុខ ក្នុងនោះផងដែរព្រះអង្គ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់បន្តគាំទ្រ និងរួមគ្នាថែរក្សារបបរាជា និយមឲ្យបានគង់វង្សផងដែរ៕